Acts 16

1លោកប៉ូល​បាន​ទៅដល់​ក្រុង​ឌើបេនិងក្រុងលីស្ដ្រាដែរហើយនៅ​ទី​នោះមានសិស្សម្នាក់ឈ្មោះធីម៉ូថេ​ជា​កូនប្រុស​របស់​ស្ដ្រីជនជាតិ​យូដា​ម្នាក់​ជា​អ្នកជឿប៉ុន្ដែឪពុក​ជា​ជនជាតិ​ក្រេក 2សិស្សម្នាក់​នោះមាន​កេរ្ដិ៍​ឈ្មោះ​ល្អក្នុងចំណោម​ពួក​បងប្អូននៅក្រុងលីស្ដ្រានិង​ក្រុង​អ៊ីកូនាម 3លោកប៉ូលចង់យកធីម៉ូថេទៅជាមួយ​ដែរ​ដូច្នេះ​ក៏​យកគាត់ទៅធ្វើ​ពិធី​កាត់ស្បែក​ឲ្យដោយព្រោះតែ​ពួក​ជនជាតិយូដាដែលនៅកន្លែងទាំងនោះដ្បិត​ពួកគេ​គ្រប់គ្នាដឹងថាឪពុកគាត់ជា​ជនជាតិ​ក្រេក 4នៅពេល​ពួកគាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់ក្រុងនានា​ពួកគាត់​បាន​ប្រគល់​សេចក្ដី​បង្គាប់​ដែល​ពួក​សាវកនិង​ពួក​ចាស់ទុំនៅ​ក្រុង​យេរូសាឡិម​បាន​សម្រេច​ដើម្បី​ឲ្យ​ពួកគេធ្វើតាម 5ដូច្នេះក្រុម​ជំនុំ​ទាំងនោះក៏​មាន​ជំនឿរឹងមាំឡើងហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ឡើងរាល់ថ្ងៃ 6ដោយសារ​ព្រះ​វិញ្ញាណបរិសុទ្ធឃាត់ពួកគាត់​មិន​ឲ្យ​ប្រកាសព្រះបន្ទូលនៅ​ស្រុក​អាស៊ីដូច្នេះ​ពួកគាត់​ក៏ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ព្រីគានិងស្រុកកាឡាទី 7ពេលមកដល់​ស្រុក​មីស៊ា​ពួកគាត់​ព្យាយាមចូលទៅ​ស្រុក​ប៊ីធូនាប៉ុន្តែ​ព្រះ​វិញ្ញាណ​របស់​ព្រះ​យេស៊ូមិនអនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​ទេ 8ដូច្នេះពួកគាត់​ក៏ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​មីស៊ា​ចុះ​ទៅ​ក្រុង​ទ្រអាស 9នៅពេលយប់​លោក​ប៉ូល​បាន​ឃើញសុបិន​និមិត្ដ​មួយ​គឺ​មាន​អ្នក​ស្រុក​ម៉ាសេដូនម្នាក់ឈរអង្វរគាត់ថា៖ ​«សូម​អញ្ជើញមកជួយយើងនៅ​ស្រុក​ម៉ាសេដូន​នេះ​ផង 10កាលគាត់​បាន​ឃើញសុបិននិមិត្ដនោះហើយ​យើង​ក៏ប្រញាប់ទៅ​ស្រុក​ម៉ាសេដូនភ្លាម​ដោយ​យល់ថាព្រះជាម្ចាស់​បាន​ត្រាស់ហៅយើង​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួកគេ 11ដូច្នេះយើង​ក៏​ចុះ​សំពៅ​ពីក្រុងទ្រអាសតម្រង់ទៅកោះសាម៉ូត្រាស។ ​នៅថ្ងៃបន្ទាប់​យើង​បាន​ទៅដល់ក្រុងនាប៉ូល 12យើងចេញ​ពីក្រុងនោះទៅ​ក្រុង​ភីលីពដែលជា​ក្រុង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ស្រុកម៉ាសេដូន​និង​ជា​ក្រុងចំណុះ​របស់​ចក្រភព​រ៉ូម​រួច​យើង​បានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ 13នៅថ្ងៃសប្ប័ទ​យើង​បាន​ចេញទៅ​ខាង​ក្រៅទ្វារក្រុង​សំដៅ​ទៅ​មាត់ទន្លេ​មួយ​ជា​កន្លែង​ដែល​យើង​គិតថា​នឹង​មាន​កន្លែង​អធិស្ឋាន​យើង​ក៏​អង្គុយចុះហើយនិយាយទៅកាន់​ពួក​ស្ដ្រី​ដែល​បាន​មក​ជួប​ជុំ​គ្នា 14រួចមាន​ស្ដ្រីម្នាក់ឈ្មោះលីឌា​ជា​អ្នក​លក់​ក្រណាត់​ពណ៌​ស្វាយ​នៅ​ក្រុងធាទេរ៉ា​ហើយ​ជា​អ្នក​ថ្វាយបង្គំព្រះជាម្ចាស់។ ​ពេល​គាត់​កំពុង​ស្ដាប់ព្រះអម្ចាស់​បាន​បើកចិត្ដ​របស់​គាត់​ឲ្យ​យកចិត្ដទុកដាក់​នឹង​សេចក្ដីទាំងឡាយ​ដែល​លោក​ប៉ូល​កំពុង​និយាយ 15បន្ទាប់ពីគាត់​និងក្រុមគ្រួសារ​របស់​គាត់​បាន​ទទួល​ពិធី​ជ្រមុជទឹករួច​គាត់​ក៏ទទូចសុំ​យើង​ថា៖ ​«បើ​ពួក​លោក​យល់​ឃើញ​ថាខ្ញុំ​ពិត​ជា​ស្មោះ​ត្រង់​ចំពោះ​ព្រះអម្ចាស់​មែន​សូម​អញ្ជើញទៅស្នាក់នៅផ្ទះ​របស់​ខ្ញុំ!» ​ហើយ​នាង​បាន​ទទូច​រហូតដល់​យើងព្រម 16ក្រោយមកពេល​យើង​កំពុង​ចេញ​ទៅ​កន្លែង​អធិស្ឋានមានក្មេង​ស្រី​បម្រើម្នាក់​ដែល​មានវិញ្ញាណ​អារក្ស​ចេះទាយ​បាន​មកយើង។ ​នាងរកកម្រៃ​ឲ្យ​ពួក​ម្ចាស់នាងបានច្រើនណាស់​ដោយសារ​ការទាយ​នេះ។ 17នាងបាន​តាមយើងនិង​លោក​ប៉ូល​ទាំង​ស្រែកថា៖ ​«អ្នក​ទាំងនេះជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុតដែលប្រកាសប្រាប់អ្នករាល់គ្នា​អំពី​ផ្លូវ​នៃ​សេចក្ដី​សង្គ្រោះ»។ 18នាងបាន​ធ្វើដូច្នេះ​ជា​ច្រើនថ្ងៃធ្វើ​ឲ្យ​លោក​ប៉ូល​ធុញ​ទ្រាន់​ជា​ខ្លាំង​ក៏បែរទៅបង្គាប់វិញ្ញាណអាក្រក់នោះថា៖ ​«យើង​បង្គាប់ឯងនៅក្នុង​ព្រះ​នាម​របស់​ព្រះ​យេស៊ូគ្រិស្ដ​ចូរ​ចេញពីនាងទៅ!» ​ពេលនោះ​វា​ក៏ចេញ​ពី​នាងភ្លាម 19ហើយពេល​ពួក​ម្ចាស់​របស់​នាងឃើញថាគ្មានសង្ឃឹម​រក​កម្រៃ​បាន​ទៀត​ពួកគេ​ក៏​ចាប់​លោក​ប៉ូលនិង​លោក​ស៊ីឡាសយក​ទៅ​ដាក់នៅ​ចំពោះ​មុខ​ពួក​អាជ្ញាធរក្នុង​ទី​ប្រជុំជន 20កាលនាំពួកគាត់​ទៅ​ជួប​ពួក​មន្ដ្រីគ្រប់គ្រងក្រុងហើយ​ពួកគេ​ក៏ប្រាប់ថា៖ ​«អ្នកទាំងនេះជា​ជនជាតិ​យូដា​ហើយ​ពួកគេ​កំពុង​បង្កចលាចល​នៅ​ក្នុង​ក្រុង​របស់​យើង 21គឺពួកគេ​កំពុង​ប្រកាស​អំពី​ទំនៀមទម្លាប់ដែល​ច្បាប់​មិនអនុញ្ញាត​ឲ្យ​យើងជាជនជាតិរ៉ូមទទួលយកធ្វើតាមឡើយ» 22ដូច្នេះបណ្ដាជនក៏លើកគ្នាទាស់នឹងពួកគាត់ហើយ​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​កន្ដ្រាក់ហែកសម្លៀកបំពាក់ពួកគាត់​រួច​បញ្ជា​ឲ្យ​វាយ​ពួកគាត់​នឹង​រំពាត់ 23ក្រោយពីវាយ​ជា​ច្រើន​រំពាត់​មក​ពួកគេ​ក៏យក​ពួកគាត់​ទៅ​ដាក់គុក​ទាំង​បញ្ជា​ឲ្យ​ឆ្មាំគុកយាមពួកគាត់យ៉ាង​ប្រុង​ប្រយ័ត្ន 24ពេលឆ្មាំគុកទទួលបញ្ជាយ៉ាងដូច្នោះហើយ​គេ​ក៏​យកពួកគាត់​ទៅ​ដាក់ក្នុងគុក​ដែល​នៅ​ជ្រៅព្រមទាំងដាក់ខ្នោះជើងជាប់ 25នៅប្រហែលពាក់​កណ្ដាល​អធ្រាត្រ​កាល​លោក​ប៉ូលនិង​លោក​ស៊ីឡាស​កំពុង​អធិស្ឋាន​ទាំង​ច្រៀង​ចម្រៀង​សរសើរព្រះជាម្ចាស់ហើយ​ពួក​អ្នកទោស​កំពុង​តែ​ស្ដាប់ពួកគាត់​ដែរ​នោះ 26ស្រាប់តែមានការ​រញ្ជួយ​ដីជាខ្លាំង​បណ្ដាល​ឲ្យ​គ្រឹះគុករង្គើហើយទ្វារគុកទាំងឡាយក៏របើកភ្លាមច្រវាក់​ដែល​គេ​ដាក់​អ្នក​ទោស​គ្រប់គ្នា​បាន​របើកឡើង 27ពេលឆ្មាំគុក​ភ្ញាក់​ឡើងឃើញទ្វារគុកទាំងឡាយចំហ​ដូច្នេះ​គាត់​ក៏​ហូតដាវបម្រុងសម្លាប់ខ្លួន​ដោយ​ស្មានថា​អ្នក​ទោសរត់​អស់​ហើយ 28ប៉ុន្ដែលោក​ប៉ូល​បាន​ស្រែកខ្លាំងៗថា៖ ​«កុំធ្វើបាបខ្លួនអីព្រោះ​យើង​ទាំង​អស់​គ្នានៅទីនេះទេ» 29ឆ្មាំគុក​ក៏សុំ​ឲ្យ​គេ​យក​ភ្លើង​មក​ហើយ​រត់​ចូល​ទៅ​ខាង​ក្នុងរួចក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូលនិង​លោក​ស៊ីឡាសទាំង​ភ័យ​ញ័រ 30ក្រោយពីនាំពួកគាត់​ចេញ​មក​ដល់​ខាង​ក្រៅហើយ​ឆ្មាំ​គុក​នោះ​បាន​សួរថា៖ ​«លោក​ម្ចាស់! ​តើ​ខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីបាន​ទទួល​សេចក្ដី​សង្គ្រោះ 31ពួកគាត់ក៏ឆ្លើយថា៖ ​«ចូរ​ជឿព្រះអម្ចាស់យេស៊ូចុះនោះអ្នកព្រមទាំងគ្រួសារ​របស់​អ្នក​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ»។ 32បន្ទាប់មកពួកគាត់​ក៏ប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់ឆ្មាំ​គុក​នោះព្រមទាំង​អ្នក​ទាំងឡាយនៅក្នុងផ្ទះ​របស់​គាត់ផង 33នៅវេលាយប់ដដែលនោះ​ក្រោយពេល​យក​ពួកគាត់ទៅលាងរបួស​រួច​ហើយឆ្មាំគុកនិងគ្រួសារ​របស់​គាត់ទាំងមូលក៏​ទទួល​ពិធី​ជ្រមុជទឹកភ្លាម 34បន្ទាប់មកឆ្មាំ​គុក​បាន​នាំពួកគាត់​ចូល​ទៅក្នុងផ្ទះ​និង​បាន​រៀបចំ​អាហារ​ឲ្យ​ពួកគាត់ហើយ​ឆ្មាំ​គុក​និង​គ្រួសារ​របស់​គាត់​ទាំងមូល​អរសប្បាយ​ណាស់​ដោយ​បាន​ជឿព្រះជាម្ចាស់ 35លុះភ្លឺឡើង​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​ចាត់នគរបាល​ឲ្យ​ទៅប្រាប់ថា៖ ​«ចូរ​ដោះ​លែង​អ្នកទាំងនោះទៅ» 36ដូច្នេះឆ្មាំគុកក៏ប្រាប់​លោក​ប៉ូល​អំពី​សេចក្ដីទាំងនោះថា៖ ​«ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​ចាត់​គេ​ឲ្យ​មកដើម្បីដោះ​លែង​ពួក​លោក​ហើយដូច្នេះឥឡូវនេះ​សូម​អញ្ជើញ​ទៅ​ដោយសុខសាន្ដចុះ»។ 37ពេលនោះលោក​ប៉ូលក៏និយាយ​ប្រាប់​ពួកគេថា៖ ​«ពួកគេ​បាន​វាយយើងជាជនជាតិរ៉ូម​នៅ​ទីប្រជុំជន​ហើយ​យក​ទៅ​ដាក់គុក​ដោយ​មិន​បាន​កាត់​ទោស​ឡើយឥឡូវនេះ​តើ​ពួកគេ​កំពុង​បណ្ដេញយើង​ចេញ​ដោយ​សម្ងាត់​ទៀត​? ​ទេមិន​បាន​ទេ! ​គឺ​អ្នក​ទាំង​នោះ​ត្រូវ​មក​នាំ​យើងចេញទៅ​ដោយ​ផ្ទាល់»។ 38ដូច្នេះពួក​នគរ​បាល​ទាំង​នោះ​បាន​ប្រាប់​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​អំពី​ពាក្យសំដីទាំងនេះហើយ​ពេល​ថា​ពួកគាត់​ជាជនជាតិរ៉ូម​ពួកគេ​ភ័យខ្លាចណាស់ 39ដូច្នេះពួកគេ​ក៏មកសុំទោសពួកគាត់ហើយនាំ​ពួកគាត់​ចេញ​ពី​គុក​ទាំង​អង្វរ​ពួកគាត់​ឲ្យ​ចេញពីក្រុងនោះ 40ពេលចេញ​ពីគុកមក​ពួកគាត់​ក៏​ទៅ​ផ្ទះ​របស់​នាង​លីឌាហើយ​ពេល​បាន​ជួប​ពួក​បងប្អូន​ពួកគាត់​ក៏លើកទឹកចិត្ដ​ពួកគេ​រួចចាក​ចេញ​ទៅ
Copyright information for KhmKCB